ផ្កាយរណបGOCE បានធ្លាក់មកដល់ផែនដី


ផ្កាយរណបGOCE បានធ្លាក់នៅកោះFalkland
កាលពីសប្តាហ៍មុន​ Khmer Science News (KSN) បាន​ចុះ​ផ្សាយ​អំពីផ្កាយ​រណប​GOCE របស់​សហភាពអឺរ៉ុប​ដែលអស់​ប្រេង​ឥន្ទនៈ​ហើយ​​កំពុងតែធ្លាក់​ចុះ​មក​កាន់​ផែន​ដី​វិញ នៅ​ពេល​នេះ​យើង​បាន​ទទួល​ដំណឹង​តាម​រយៈ​BBC News ថា​វាបានធ្លាក់​មក​ដល់​ផែនដី​វិញ​ហើយ​ដោយមិនបង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​មនុស្ស​ឫុទ្រព្យសម្បត្តិ​អ្វី​ឡើយ ។ លោក​Bill Chater ដែល​ជា​អ្នក​ស្រុក​នៅ​កោះ​Falkland (ស្ថិត​នៅក្នុង​សមុទ្រអាត្លង់ទិក​ក្បែរ​ប្រទេស​​អា​ហ្ស​ង់ទីន)​ បាន​មើល​ឃើញទិដ្ឋ​ភាព​នៃការ​ធ្លាក់​ចុះ​នេះ​ព្រម​ទាំង​បាន​ថត​រូប​ទុក​ទៀត​ផង​ នៅ​ពេល​ដែល​គាត់​ចេញ​ក្រៅ​ផ្ទះ​ដើម្បី​មើល​សត្វ​Penguins ។​ លោក​Bill Chater បានរៀប​រាប់​ប្រាប់​អ្នក​សារ​
ពត៌​មាន​ថា​«ពីដំបូង​ខ្ញុំ​បាន​ឃើញ​ថា​ វា​ហាក់​ដូច​ជាផ្កាយ​មួយ​កំពុង​តែ​ធ្លាក់​មក​លើ​ផែន​ដី​ តែ​បន្តិច​ក្រោយ​មកទើប​ខ្ញុំ​ដឹង​ថា​វា​ជា​ផ្កាយ​រណប​ដែល​ធ្លាក់​មក​លើ​ផែនដី​ ដោយ​សារ​ខ្ញុំ​បាន​ស្តាប់​ពត៌​មាន​BBC កាល​ពី១​ម៉ោង​មុន​នេះ» ។ លោក​បាន​បន្ថែម​ទៀត​ថា«​នៅ​ពេល​ដែល​វា​ធ្លាក់​មក​ ខ្ញុំ​ឃើញ​​ជា​ឆ្នូត​ពន្លឺ​មួយយ៉ាង​វែង​លាយ​ឡំ​ជា​មួយ​នឹង​ផ្សែង​ពណ៌​ស​នៅ​ក្នុង​ផ្ទៃ​មេឃ បន្តិច​ក្រោយ​មកដោយ​សារ​តែ​ចាំ​ង​នឹង​​ពន្លឺ​ព្រះ​អា​ទិត្យ​​ខ្ញុំ​ក៏មើល​វា​លែង​ឃើញ​តែ​ម្តង​» ។

ផ្កាយរណបGoce បានធ្លាក់ចុះមកលើផែន​ដី​វិញ​នៅយប់​ថ្ងៃ​អាទិត្យ​ ម៉ោង​00:16 នាទី​ម៉ោង​សកល​ត្រូវ​នឹង ម៉ោង​៧​និង​១៦​នាទី​ព្រឹក​​ថ្ងៃ​អាទិត្យ​ម៉ោង​នៅ​ប្រទេស​កម្ពុជា​ ។​ ការ​ធ្លាក់ផ្កាយរណប​នេះ​​គឺ​ជា​ការ​ធ្លាក់ផ្កាយ​រណប​លើកដំបូង​របស់​ទីភ្នាក់​ងារ​អវ​កាស​សហភាព​អឺរ៉ុប​ដែល​​មិនអាច​គ្រប់​គ្រង​បាន​​ក្នុង​រយៈ​ពេល​២៥​ឆ្នាំ​នេះ ។​ ផ្កាយ​រណប​Goce មាន​ទម្ងន់​ប្រ​ហែល​១​តោន​ហើយ​វា​​អាច​បង្ក​គ្រោះ​ថ្នាក់​​ប្រ​សិន​បើ​វា​ធ្លាក់​ចំ​ទី​ប្រ​ជុំ​ជន​ ។ ផ្កាយ​រណប​នេះ​បាន​ធ្វើ​ដំណើរ​ជុំ​វិញ​ផែន​ដី​អស់​រយៈ​ពេល​៤​ឆ្នាំ​ក្នុង​ការ​​ផលិត​ផែនទី​ដ៏​ច្បាស់​លាស់​មួយ​អំពី​ទំនាញ​ផែន​ដី​ ហើយ​វា​ធ្លាក់​ចុះ​មក​ផែន​ដី​វិញ​ដោយ​សារ​វា​អស់​ប្រេង​ឥន្ទនៈ ។ កម្តៅនៃបរិយា​កាស​របស់​ផែន​ដី​និង​ល្បឿន​នៃ​ការ​ធ្លាក់​ចុះ​បាន​ធ្វើ​ឱ្យ​Goce បែក​ជា​បំ​ណែក​នៅ​រយៈកម្ពស់​៨០គម ពី​ផែន​ដី​ ។ អ្នក​ជំនាញ​ការ​បាន​និយាយ​ថា​បំណែក​នៃ​ផ្កាយ​រណប​នេះ​អាច​នៅ​សល់​ប្រ​ហែល​ជា​២០០​ទៅ​២៥០​គក្រ​  ប្រសិន​ជាដូច្នេះ​មែន​បំណែក​ដែល​ខូច​ខាត​ទាំង​នេះ​​គឺ​ស្ថិត​នៅ​ក្នុង​បាត​សមុទ្រ​អាត្លង់​ទិក​ ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ​ទិន្ន​ន័យ​ដែល​ផ្កាយ​រណប​នេះ​ប្រ​មូល​បាន​គឺ​មាន​ប្រ​យោជន៍​សម្រាប់​មនុស្ស​លោក​ ។

អត្ថ​បទ​: KSN Team, Ref: BBC News