ដំណេករបស់មនុស្សមានការទាក់ទងជាមួយនឹងព្រះច័ន្ទ

របាយការណ៍​មួយរបស់​ទស្ស​នាវ​ត្តី​ Current Biology បាន​បង្ហាញ​ភស្តុ​តាង​ដែល​មាន​លក្ខ​ណៈ​វិទ្យា​សាស្ត្រ​ថា​ ជីវិត​មនុស្ស​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ដំណើរ​របស់​ព្រះ​ច័ន្ទ ។​​ លោក​ Christian Cajochen ដែល​ជា​អ្នក​សរសេរ​របាយ​ការណ៍​នេះ​បាន​និ​យាយ​ថា​«វដ្ត​របស់​ព្រះ​ច័ន្ទ​(ខ្នើត​ រនោច​)​ មាន​ឥទ្ធិពល​ទៅ​លើ​ដំណេក​របស់​មនុស្ស ទោះ​បី​ជា​ពួក​គេ​មិន​បាន​ឃើញ​ព្រះ​ច័ន្ធ​ឫុ​ដឹង​​អំពី​ខ្នើត​ រនោច​ក្តី​ ។ ក្នុង​ពេល​សិក្សា​ស្រាវ​ជ្រាវ​
ក្រុម​លោក​ Cajochen ដែល​ធ្វើ​ការ​នៅ​សកល​វិទ្យា​ល័យ Basel បាន​ធ្វើការ​ជាមួយ​នឹង​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​៣៣​នាក់​ ដែល​រលក​ចលនា​ខួរ​ក្បាល​របស់​ពួក​គេ​ត្រូវ​បាន​តាម​ដាន ជាមួយ​នឹង​ចលនា​ភ្នែក​ និងកម្រិត​អ័រ​មន​ នៅ​ពេល​ដែល​ពួក​គេ​កំពុង​ដេក​លក់ ។ រឿង​ដែល​​គួរ​ឱ្យ​ចាប់​អារម្មណ៍​គឺ​អ្នក​ស្រាវ​ជ្រាវបាន​រក​ឃើញ​ថា​នៅ​​យប់​ពេញបូរមី​ សកម្ម​ភាព​ខួរ​ក្បាល​ដែល​ទាក់​ទង​​នឹង​ដំណេក​ស្កប់​ស្កល់​ថយ​ចុះ​៣០% ។ អ្នក​ដែល​ត្រូវ​គេ​ពិសោធន៍​ចំណាយ​ពេល​៥​នាទី​យូរ​ជាង​ធម្មតា​ដើម្បី​ដេក ហើយ​រយៈ​ពេល​ដេក​លក់​សរុប​ក្នុង​១​យប់​ថយ​ចុះ​២០​នាទី​ ។ អ្នក​ស្ម័គ្រ​ចិត្ត​​បាន​រាយ​ការណ៍​ថា​ពួក​គេមាន​ដំណេក​មិន​ស្កប់​ស្កល់​នៅ​យប់​ពេញ​បូរ​មី ។​​ អ្នក​ស្រាវ​ជ្រាវ​ក៏​បាន​រក​ឃើញ​ថា​នៅ​ពេល​នោះ​កម្រិត​អ័រ​មន Melatonin សម្រាប់​ភ្ញោច​ឱ្យ​មនុស្ស​ដេក​លក់​មាន​ការ​ថយ​ចុះ ។

លោក Cajohen បាន​និយាយ​ថា​ នេះ​គឺ​ជា​ភស្តុ​តាង​ដ៏​គួរ​ឱ្យ​ជឿ​ជាក់ ដែល​បង្ហាញ​ថា​​ដំណើរ​របស់​ព្រះ​ច័ន្ទ​ (ខ្នើត​ រនោច)​ អាច​ធ្វើ​ឱ្យ​ដំណេក​មនុស្ស​មានការ​ផ្លាស់​ប្តូរ​បាន​ ព្រោះ​ការ​ពិសោធន៍​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​លក្ខ​ខ័ណ្ឌយ៉ាង​ហ្មត់​ចត់​ និង​ពិធីសារ​របស់​មន្ទីរ​ពិសោធន៍​ ដោយ​គ្មាន​ការ​ប្រាប់​ឱ្យ​អ្នក​ដែល​ត្រូវ​គេ​ពិ​សោធន៍​ដឹង​ជា​មុន​ឡើយ ។​ លោក​បាន​បន្ថែម​ទៀត​ថា​ ដំណើរ​ខ្នើត​រនោច​របស់​ព្រះ​ច័ន្ធ​ទំនង​ជា​មាន​ឥទ្ធិ​ពល​ពី​ចម្ងាយ​​មក​លើ​ការ​ប្រ​ព្រឹត្ត​របស់​មនុស្ស​ ការ​បន្ត​ពូជ និង​​បញ្ហា​ផ្សេងៗ​ទៀត​ ។ ឥទ្ធិ​ពល​នេះ​ក៏​មាន​​ចំពោះ​សត្វ​ផង​ដែរ​ជាពិសេស​សត្វ​នៅ​ក្នុង​ទឹក​ ដោយ​ពន្លឺ​ព្រះ​ច័ន្ទ​មាន​ទំ​នាក់​ទំ​នង​ជា​មួយ​នឹង​ការ​បន្ត​ពូជ​របស់​ពួក​វា​​ ។ នៅ​ចុង​បញ្ចប់​លោក​ Cajohen បាន​បន្ថែម​ថា​ ព្រះ​ច័ន្ទ​មាន​ឥទ្ធិ​ពល​លើ​ការ​ប្រ​ព្រឹត្ត​ដទៃ​ទៀត​របស់​មនុស្ស​ ដូច​ជា​ការ​​បំពេញ​ការងារ​ និង​អារម្មណ៍​របស់​យើង​ជា​ដើម​។

នៅ​ក្នុង​ពេល​អនាគត​អ្នក​ស្រាវ​ជ្រាវ​នឹង​ធ្វើ​ការ​សិក្សា​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត​អំពី​ទី​តាំង​​មួយ​ជំ​ហាន​ម្តង​ៗ​របស់​ព្រះ​ច័ន្ទ និង​ឥទ្ធិ​ពល​របស់​វា​មក​លើ​កោសិកា​សរសៃ​ប្រ​សាទ​របស់​មនុស្ស​ ។

អត្ថបទ: KSN Team, Ref: Science AGOGO