អ្នកវិទ្យាសាស្ត្រអាមេរិកបង្ហាញអំពីរបកគំហើញនៃថ្នាំបង្ការជំងឺអេដស៍

អស់ជាង៣ទសវត្សរ៍​មកហើយដែល​ជំងឺអេដស៍​បានគម្រាម​កំហែង​ពិភពលោក​ដោយបានសម្លាប់ជីវិតមនុស្សអស់៣៦​លាន​នាក់​ ។ ក្រៅពីនោះមនុស្ស៣៥​លាននាក់​ទៀត​រស់នៅ​ដោយ​មានផ្ទុកមេរោគអេដស៍ ។ នៅប្រទេសកម្ពុជា​អ្នក​ជំងឺ​អេដស៍ទី១​បានរកឃើញ​នៅឆ្នាំ​១៩៩១ ចាប់ពីពេលនោះមក​អត្រា​ (Prevalence) នៃអ្នកផ្ទុកមេរោគមេរោគ​អេដស៍មានការ​កើនឡើង​យ៉ាងឆាប់រហ័ស​ដល់ទៅ​៣%​ ។ មានមនុស្សរាប់​ម៉ឺន​នាក់បានស្លាប់ និងរាប់ម៉ឺននាក់ទៀតមានផ្ទុកមេរោគអេដស៍​។​ជំងឺនេះបានបន្សល់នូវផលវិបាកយ៉ាងធ្ងន់​ធ្ងរ​ក្នុង​សង្គម​ដូចជា​ស្ត្រីមេម៉ាយ កុមារ​កំ​ព្រា​ និង​ការចំណាយថវិកា​ជាតិ​យ៉ាង​ច្រើន​ដើម្បី​ព្យា​បាល​និង​ការពារជំងឺ​នេះ​ ។  ពិភពលោក​បានរង់​ចាំ​ដោយអន្ទះសារ​ចំពោះវិ​ធានការណ៍​ដ៏​ជាក់​លាក់​មួយ​ដែល​អាច​បំបាត់ជំងឺដ៏កំណាច​នេះពីពិភពលោក​ ។

ថ្មី​ៗនេះ​គេបានទទួលពត៌មានដ៏គួរឱ្យរីករាយអំពីលទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​រកថ្នាំ​បង្ការ​ជំងឺ​អេដស៍ក្នុង​រយៈ​ពេលជាង​៣០​ឆ្នាំ​មក​ហើយ​ ។ ការធ្វើសន្និសីទអន្តរជាតិស្តីអំពីថ្នាំបង្ការ​ជំងឺ​អេដស៍ក្នុងឆ្នាំ២០១៣​ នាទីក្រុង​Barcelona ប្រទេសអេស្បាញ​
បានបង្ហាញអំពីលទ្ធផលនានា​ដែល​អ្នក​វិទ្យាសាស្ត្រ​បានធ្វើ​ការ​ពិសោធន៍​ថ្នាំបង្ការ​ជំងឺអេដស៍នេះ ។ ទស្សនាវត្តី​ The Scientific American បាន​សរសេរ​ថា«អនាគត​នៃការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​នឹង​មានភាពប្រ​សើរ​ជាងមុន​ច្រើនឡើង​​ដោយ​សារ​មានការសហការ​គ្នា​ល្អ​រវាង​អ្នក​ស្រាវ​ជ្រាវ​ថ្នាំ​បង្ការ​ អ្នក​ព្យា​បាលជំងឺ​ និង​អ្នក​ការពារ ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះភាពសហការ​នេះ​ក៏​មានចំពោះ​ការស្រាវ​ជ្រាវ​រកថ្នាំ​បង្ការ​សម្រាប់​ការពារ​មេរោគ​អេដស៍​និង​សម្រាប់ព្យាបាលជំ​ងឺ​អេដស៍​ដែរ​» ។ ទស្សនា វត្តីនេះ​បានសរសេរ​បន្ថែម​ទៀត​ថា «ជាការ​ពិត​សន្និ​សីទ​អន្ត​រ​ជាតិ​នាទី​ក្រុង​Barcelona អំពី​ថ្នាំបង្ការ​ជំងឺ​អេដស៍គឺបង្ហាញ​នូវភាព​អាច​សម្រេច​បាន​ក្នុង​ការ​ផលិត​ថ្នាំ​បង្ការ​ជំងឺ​អេដស៍ ហើយវាក៏ជាសន្និ​សីទ​លើក ចុង​ក្រោយ​អំពី​ថ្នាំ​បង្ការជំងឺ​អេដស៍​ដែរ​» ។ ជារួម​សន្និ​សីទ​នៅទីក្រុង​Barcelona បាននាំមកនូវក្តី​សង្ឃឹម​យ៉ាងធំ​ធេងសម្រាប់​មនុស្ស​ជាតិ ហើយ​វា​ក៏​ជា​ក្តី​សង្ឃឹម​មួយ​ក្នុង​ការលុប​បំបាត់​ជំងឺ​អេដស៍​ទាំង​ស្រុង​នា​ពេល​អនាគត ។ នៅ​ឆ្នាំ​ក្រោយនេះ​សន្និ​សីទ​នឹងលើក​យកបញ្ហា​ផ្សេង​ទៀត​របស់ជំងឺ​អេដស៍​មក​ពិភាក្សា​គ្នា​គឺ​បញ្ហា​ ការស្រាវ ជ្រាវ​អំពី​ការ​ការ​ពារ​ជំងឺអេដស៍​ និង​លើកយកបញ្ហា​រួម​នៃថ្នាំ​បង្ការ​និង​ថ្នាំពន្យារជីវិត​សម្រាប់​អ្នក​ជំងឺ​អេដស៍​មក​ពិភាក្សា ផង​ដែរ។

អត្ថបទ: KSN Team, Ref: The BodyPro, amfAR, Wikipedia