អត្ថប្រយោជន៍របស់រមៀតសម្រាប់សុខភាព

រមៀតជាគ្រឿងទេសម៉្យាងដែលប្រជាជនខ្មែរបានប្រើប្រាស់ក្នុង​ការធ្វើម្ហូបមានអោយរសជាតិកាន់តែប្រសើរតាំងពីយូរយារ​ណាស់​មកហើយ ។ ក្រៅពីរសជាតិរបស់វាគេក៏ប្រើប្រាស់ពណ៌​របស់វាដែរដោយសារតែវាមានពណ៌លឿងដូចមាស ។​ គេដាក់វា​ក្នុងសម្លរ ក្នុងម្សៅដែលលាយសម្រាប់ធ្វើបាញ់ឆែវ និងក្នុងបាយ​មាន់ជាដើម ដើម្បីអោយបានពណ៌លឿងល្អ ។ ក្រៅពីប្រទេស​យើងប្រទេសដទៃទៀតនៅលើពិភពលោកក៏គេចេះប្រើរមៀតជា​
គ្រឿងទេសដែរជាពិសេសនៅអាស៊ី ដូចជាប្រទេសឥណ្ឌា ចិនជា​ដើម ។ គេប្រហែលជាមិនបានដឹងអោយបានស៊ីជម្រៅអំពីអត្ថប្រ​
យោជន៍របស់រមៀតនៅឡើយទេ តើរមៀតមានប្រយោជន៍អ្វីខ្លះ​
ចំពោះសុខភាព? Khmer Science News សូមលើកយកផលប្រ​យោជន៍័ដ៏ច្រើនរបស់រមៀតចំពោះសុខភាពមកបង្ហាញជូនដូចត​ទៅ ។ រមៀតមានកាឡូរីតិច​ តែមានវីតាមីននិងជាតិរ៉ែច្រើន ក្រៅពីនោះវាគឺជា Antioxidant មួយ​យ៉ាងល្អ ដូច្នេះហើយទើបរមៀតមានប្រយោជន៍ចំពោះសុខភាព​យើង​ដូចជា៖


  • ជួយអោយធ្មេញមានពណ៌សល្អ
  • ជួយអោយស្បែកមានពណ៌ល្អ (លាបលើស្បែក)
  • ជួយបំបាត់អង្គែនៅលើក្បាលតាមរយៈលាយរមៀតជាមួយប្រេង(ជាពិសេសប្រេង​អូលីវ​ឬ​ប្រេងដូង)​ហើយកក់សក់ហើយទុក១៥នាទី បន្ទាប់មកទើបកក់សាប៊ូតាមក្រោយជាធម្មតា
  • ជួយបំបាត់ការឈឺចាប់ដោយការថ្លោះគ្រេចដោយយកអំបិលមួយភាគលាយជាមួយរមៀត​២ភាគ​ហើយដាក់ទឹកចូលបន្តិចល្មមនឹងអាចលាបអោយជាប់បាន យកមកលាបលើកន្លែង​ថ្លោះគ្រេច ១ថ្ងៃលាបម្តង
  • ជួយធ្វើអោយប្រព័ន្ធរំលាយអាហារដំណើរការបានល្អ (ប្រើឱសថដែលផ្សំដោយរមៀត ៥០០មក្រ ផឹក៤ដងក្នុង១ថ្ងៃ)
  • ជួយបំបាត់ការរលាកសន្លាក់​((ប្រើឱសថដែលផ្សំដោយរមៀត ៥០០មក្រ ផឹក៤ដងក្នុង១ថ្ងៃ)
  • ជួយការពារថ្លើមកុំអោយឆាប់ក្រិន
  • ប្រយុទ្ធជាមួយនឹងកោសិកាមហារីក៖ វិទ្យាស្ថាន​ The American Cancer Society បានបង្ហាញថា​រមៀតអាចប្រយុទ្ធជាមួយកោសិកាមហារីក ទប់ស្កាត់ការវិវត្តនិងការរីករាលដាលនៃកោសិ​កាមហារីក មិនតែប៉ុណ្ណោះរមៀតក៏អាចសម្លាប់កោសិកាមហារីកបានដែរ
  • ជួយសុខភាពភ្នែក
  • ជួយប្រព័ន្ធការពាររាងកាយ
  • ជួយប្រព័ន្ធឈាមរត់
  • ជួយប្រព័ន្ធសរសែប្រសាទក្នុងការកាត់បន្ថយស្ត្រេស
  • ជួយសុខភាពប្រព័ន្ធបន្តពូជរបស់ស្ត្រី
  • ។ល។
នៅប្រទេសឥណ្ឌាគេបានផលិតឱសថដែលផ្សំពីរមៀតដូចរូបខាងក្រោម រីឯនៅប្រទេសយើងវិញ​មិនទាន់មានការផលិតជាឱសថនៅឡើយទេប៉ុន្តែអ្នកអាចរកទិញរមៀតបាននៅគ្រប់ទីកន្លែង។



អត្ថបទ: KSN Team, Ref: Mother Nature Network និង​ Organic India