យោងតាមការសិក្សាថ្មីមួយអ្នកជំនាញផ្នែករ៉កកែតដែលបានត្រៀមបញ្ជូនមនុស្សទៅកាន់អាចម៍ផ្កាយដ៏ធំឈ្មោះ«Ceres» បាននិយាយថាបេសសកម្មនេះមានភាពងាយស្រួលជាងការបញ្ជូនមនុស្សទៅកាន់ភពអង្គារ។ គម្រោងបេសកកម្មនេះមានភាពផុសផុលយ៉ាងខ្លាំងក្នុងឆ្នាំ២០១០ គឺនៅពេលដែលលោកប្រធានាធិបតី Obama បានស្នើសុំឱ្យមានការបញ្ជូនមនុស្សទៅកាន់អាចម៍ផ្កាយមួយនេះនៅត្រឹមឆ្នាំ២០២៥ ។ ចំណែកឯគម្រោងរបស់អង្គការNASA ដែលចង់ប្រើយានអវកាសដែលគ្មានមនុស្សបើកក្នុងការអូសទាញយកអាចម៍ផ្កាយមួយមកដាក់ក្នុងគន្លងពិតប្រាកដមួយគឺនៅឆ្ងាយពីព្រះច័ន្ទបន្តិច នឹងមានលទ្ធភាពក្នុងការបញ្ជូនអ្នកអវកាសទៅកាន់អាចម៍ផ្កាយនេះយ៉ាងឆាប់បំផុតនៅត្រឹមឆ្នាំ២០២១ ។ Ceres គឺជាអាចម៍ផ្កាយដ៏ធំមួយនៅក្នុងប្រព័ន្ធព្រះអាទិត្យ មានទំហំប្រហែល៦០៥ម៉ាយ(៩៧៥គម) គឺមានទំហំប្រហែលនឹងរដ្ឋតិចសាស់របស់សហរដ្ឋអាមេរិក គន្លងរបស់វាស្ថិតនៅចន្លោះភពអង្គារនិងភពព្រហត្តិ៍ (Jupiter)។ លោកLonguski បាននិយាយថាដោយសារតែវាមានទំហំធំទំនាញរបស់វាធ្វើឱ្យវាមានរូបរាងមូលដែលខុសពីអាចម៍ផ្កាយដទៃដែលមានរាងរឆេញរឆូញឫុរាងដូចដំឡូង ។ អ្នកខ្លះគេនិយាយថា Ceres គឺជាភពដ៏តូចជាងគេមួយនៅក្នុងប្រព័ន្ធព្រះអាទិត្យដែលស្ថិតនៅចម្ងាយ២៥៧លានម៉ាយ (៤១៥លានគម) ពីព្រះអាទិត្យ ។ ភាពចម្លែករបស់វាមួយគឺវាអាចមានទឹកកកនៅពីក្រោមសំបករបស់វា គឺប្រហែល២៥% (ច្រើនជាងបរិមាណទឹកសាបនៅលើផែនដីទាំងមូល) ។ អ្នកស្រាវជ្រាវខ្លះបានគិតថាCeres អាចមានសមុទ្រនៅពីក្រោមស្រទាប់លើរបស់វា ដែលជាសក្តានុពលមួយក្នុងការរុករកជីវិតនៅក្រៅផែនដី ដែលជាទូទៅនៅលើផែនដី បង្ហាញថាទីណាមានទឹកទីនោះតែងតែមានជីវិត ។
លោកFrank Laipert ដែលជាវិស្វករបង្កើតយានអវកាសមកពីសកលវិទ្យាល័យPerdue បាននិយាយថាអត្ថប្រយោជន៍មួយទៀតនៃការស្រាវជ្រាវនៅលើអាចម៍ផ្កាយCeres គឺការសិក្សាអំពីកំណើតនៃប្រព័ន្ធព្រះអាទិត្យដោយសារតែវាជាបំណែកដ៏ធំមួយដែលស្ថិតនៅក្នុងប្រព័ន្ធព្រះអាទិត្យ ។ គាត់បានបន្ថែមទៀតថាការបញ្ជូនមនុស្សទៅអាចម៍ផ្កាយនោះគឺមានប្រសិទ្ធភាពជាងការបញ្ជូនយានអវកាសដែលគ្មានមនុស្សបើក ។ លោក Longuski និងលោក Laipert បានគណនារកវិធីបញ្ជូនមនុស្សទៅកាន់Ceres នេះហើយបានបង្ហាញថាមានតែថាមពលនុយក្លេអ៊ែរទេដែលមានប្រសិទ្ធិភាពខ្លាំងជាងថាមពលព្រះអាទិត្យពីព្រោះវាមានទម្ងន់ស្រាលជាង ហើយអាចធានាបាននូវការហោះហើរក្នុងរយៈពេលយូរ។ នៅក្នុងគម្រោងនេះគេបានគណនារយៈពេលហោះហើរដែលជិតបំផុតពីផែនដីទៅកាន់Ceres គឺ២៧០ថ្ងៃ ហើយរយៈពេលសរុបនៃបេសកកម្មនេះមិនឱ្យលើសពី២ឆ្នាំទេ គឺដើម្បីការពារកុំឱ្យមនុស្សរងនូវកាំរស្មីដ៏គ្រោះថ្នាក់ពីអវកាសច្រើនពេកដែលបណ្តាលឱ្យកើតជំងឺមហារីក។
ខុសពីភពអង្គារដែលមានទំនាញខ្លាំង Ceres មានទំនាញយ៉ាងខ្សោយក្នុងការទាញឱ្យយានអវកាសបុកជាមួយវា ក្រៅពីនោះវាគ្មានស្រទាប់បរិយាកាសដើម្បីទប់ល្បឿនយានអវកាសទេ ដូច្នេះគេត្រូវរៀបចំយានអវកាសដោយធ្វើដំណើរទៅជិតCeres ហើយបំបែកខ្លួនដើម្បីចុះចត ។
អត្ថបទ: KSN, Ref: National Geographic