តើប្រទេសកម្ពុជាមាន​អំពើពុករលួយកម្រិតណា?

កាលពីប៉ុន្មានថ្ងៃកន្លង​ទៅ​នេះ​​​មូល​និធិ​សកល​(Global Fund) ដែល​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​មួយ​សម្រាប់​ប្រ​ទេស​កម្ពុជា​បាន​បញ្ចេញ​របាយ​ការណ៍​មួយ​ដែល​ទាក់​ទង​នឹង​អំ​ពើ​ពុក​រលួយ​នៅ​ប្រ​ទេស​កម្ពុ​ជា​ចំ​ពោះ​ស្ថា​ប័ន​ពីរ​ដែល​ស្ថិត​នៅ​ក្រោម​ក្រ​សួង​សុខា​ភិ​បាល​គឺ​មជ្ឈមណ្ឌល​ជាតិ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​គ្រុន​ចាញ់​និង​មជ្ឍមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ សើ​ស្បែក​និង​កាម​រោគ ។ អំពើ​ពុក​រលួយ​នេះ​ត្រូវ​បាន​រក​ឃើញ​ដោយ​ស្ថា​ប័ន​ឯក​រាជ​មួយ​ឈ្មោះ​ថាThe Global Fund’s Office of the Inspector General​ គឺ​ជា​អំ​ពើ​ពុក​រលួយ​ដែល​ទាក់​ទង​នឹង​កំ​រៃ​ជើង​សារ​ (Commission) ដែល​ធ្វើ​ឡើង​រវាង​ស្ថា​ប័ន​ទាំង​២​ខាង​លើ​ជាមួយ​នឹង​ស្ថា​ប័ន​ផ្គត់​ផ្គង់​មុង​ជ្រលក់​ថ្នាំ ក្នុង​ទឹក​ប្រាក់​សរុប​ចំនួន​៤១០,០០០​ដុល្លា​អា​មេរិក​ ។ មាន​ន័យ​ថា​ស្ថា​ប័ន​ដែល​ជា​អ្នក​ផ្គត់​ផ្គង់​(​អ្នក​លក់)​មុង​ជ្រលក់​ថ្នាំ​នេះ​ត្រូវ​បង់​ថ្លៃ​កំរៃ​ជើង​សារ​ទៅ​ឱ្យ​មន្ត្រី​រដ្ឋា​ភិ​បាល​ដើម្បី​បាន​ប្រ​យោជន៍​ជា​ការ​បន្ត​កិច្ចសន្យា​ក្នុង​ការ​ទិញ​ផលិត​ផល​របស់​ខ្លួន​ត​ទៅ​ទៀត​ ។ ពត៌​មាន​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​មជ្ឍ​ដ្ឋាន​នានា​ទាំង​ជាតិ​និង​អន្ត​រ​ជាតិ​ ប៉ុន្តែ​មាន​មនុស្ស​មួយ​ចំនួន​ហាក់​ដូច​ជា​មិន​មាន​ការ​ភ្ញាក់​ផ្អើល​អ្វី​ឡើយ​ដោយ​ពួក​គេ​យល់​ថា នេះ​គឺ​ជា​រឿង​ធម្មតា​ទៅ​ហើយ​នៅ​ក្នុង​សង្គម​ខ្មែរ ព្រោះ​អំពើ​ពុក​រលួយ​នេះ​គ្រាន់​តែ​ជា​អំ​ពើ​ពុក​រលួយ​មួយ​ក្នុង​ចំណោម​អំពើ​ពុក​រលួយ​ជា​ច្រើន​ស្ទើរ​រាប់​មិន​អស់​នៅ​ក្នុង​ប្រ​ទេស​មួយ​នេះ ។ រដ្ឋាភិ​បាល​បាន​បង្កើត​អង្គភាព​ប្រ​ឆាំង​នឹង​អំពើ​ពុក​រលួយ​មួយ​ដើម្បី​បង្ហាញ​អំពី​ឆន្ទៈ​របស់​ខ្លួន​ថា​ចង់​កំចាត់​អំពើ​ពុក​រលួយ​ដែរ​ក៏​ប៉ុន្តែ​អំពើ​ពុក​រលួយ​ហាក់​ដូច​ជា​គ្មាន​ការ​ថយ​ចុះ​ឡើយ ។

អង្គការ​តម្លា​ភាព​អន្តរ​ជាតិ​ (Transparency International Organization) បាន​ធ្វើ​អង្កេត​ប្រចាំ​ឆ្នាំ​របស់​ខ្លួននៅក្នុង​ឆ្នាំ​២០១២​លើ​ប្រទេស​នានា​លើ​ពិភពលោក​ស្តី​អំពី​អំពើ​ពុក​រលួយ ។ អង្គ​ការ​នេះ​បាន​រក​ឃើញ​ថា​ប្រទេស​ដែល​ពុក​រលួយ​ខ្លាំង​ជាង​គេ​ចំនួន​៣​គឺ សូមាលី​ កូរេ​ខាង​ជើង​និង​អាហ្វ​ហ្គា​នី​ស្ថាន​ដែល​ប្រទេស​ទាំង​៣​នេះ​បាន​ពិន្ទុៈCPI ៨​ស្មើ​គ្នា (​CPI: Corruption Perception Index) ។​​បើ​ពិន្ទុៈ​នេះ​កាន់​តែ​តូច​​មាន​ន័យ​ថា​ប្រ​ទេស​នោះ​មាន​អំពើ​ពុក​រលួយ​កាន់​តែ​ខ្លាំង​ ។ ចំណែក​ឯ​ប្រ​ទេស​ដែល​មាន​អំពើ​ពុក​រលួយ​តិច​ជាង​គេ​បំផុ​ត​គឺ​ប្រទេស​ហ្វាំង​ឡង់ ដាណឺ​ម៉ាក​ និង​ញូវ​ហ្សេ​ឡិន​ដែល​មាន​ពិន្ទុៈ​CPI ដល់​ទៅ​៩០​ដូច​គ្នា​ ។ រី​ឯ​ប្រ​ទេស​កម្ពុ​ជា​យើង​វិញ​បាន​ពិន្ទុៈCPI ២២ ហើយ​ជាប់​​ចំណាត់​ថ្នាក់​ទី​១៨​ផ្នែក​អំពើ​ពុក​រលួយ ។ សូម​មើល​តារាង​ចំណាត់​ថ្នាក់​នៃ​ការ​ធ្វើ​អង្កេត​ប្រ​ចាំ​ឆ្នាំ​២០១២​របស់​អង្គ​ការ​តម្លា​ភាព​អន្តរ​ជាតិ​ខាង​ក្រោមៈ


ប្រជា​ជន​ខ្មែរ​បាន​ដឹង​ថា​អំពើ​ពុក​រលួយ​បាន​កើត​មាន​ស្ទើរ​តែ​គ្រប់​ទី​កន្លែង​និង​គ្រប់​ទិដ្ឋ​ភាព​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ ដូច​ជា​ការ​សូក​ប៉ាន់​ប៉ូលីស​ចរាចរណ៍​ ការ​ធ្វើ​ប័ណ្ណ​បើក​បរ​ ការ​ធ្វើ​លិខិត​ស្នាម​ផ្សេងៗ​ ឱ្យ​គ្រូ​ពេទ្យ​​ដើម្បី​ឱ្យ​ពួក​គេ​យកចិត្ត​ទុក​ដាក់​ព្យាបាល​ជំងឺ​ ការ​សូក​ប៉ាន់​តុលា​ការ​ជា​ដើម ។ល។

ផែន​ទី​ខាង​ក្រោម​បង្ហាញអំពីកម្រិត​អំពើ​ពុក​រលួយ​នៃ​ប្រ​ទេស​និមួយៗ​ក្នុង​ពិភព​លោក​ក្នុង​ឆ្នាំ​២០១២ ។



អត្ថបទ: KSN, Ref: Global Fund, Transparency International, The Rich, Wikipedia