ប្រទេសទាំង១០​ដែល​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ច្រើន​ជាង​គេ​

គ្រោះថ្នាក់ចរាចរណ៍​មួយ​នៅកម្ពុជាដែល​បង្កឱ្យ​មនុស្ស​ស្លាប់
នៅ​ប្រទេស​កម្ពុជា​នរណា​ក៏​ដឹង​ដែរ​ថា​គ្រោះ​ថ្នាក់​ចរា​ចរណ៍​កើត​មាន​រាល់​ថ្ងៃ​​និង​ស្ទើរ​គ្រប់​ទី​កន្លែងដែល​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​​និង​របួស​រាប់​ពាន់​នាក់​ក្នុង​មួយ​ឆ្នាំៗ​ ។ យោង​តាម​របាយ​ការណ៍​របស់​អង្គ​ការ​សុខ​ភាព​ពិ​ភព​លោក​អ្នក​ដែល​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ជាង​២០០០​នាក់​នៅ​ក្នុង​ឆ្នាំ​២០១០ ។ គ្រោះ​ថ្នាក់​ចរាចរណ៍​ភាគ​ច្រើន​បណ្តា​ល​មក​ពី​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​ដូច​ជា​ការ​បើក​បរ​នៅ​ពេល​ស្រ​វឹង​ ការ​បើក​បរ​លើស​ល្បឿន​កំណត់​ ការ​មិន​គោ​រព​ភ្លើង​ស្តុប​និង​ស្លាក​សញ្ញា​ចរាចរណ៍​ជា​ដើម​។ ទោះបី​ជា​មាន​ការ​ប្រឹង​ប្រែង​​ទប់​ស្កាត់​គ្រោះ​ថ្នាក់​នេះ​ពី​បណ្តា​ស្ថា​ប័ន​រដ្ឋ ឯកជន​និង​អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល​ក្តី​ក៏​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ប្រ​ទេស​កម្ពុជា​មិន​បាន​ថយ​ចុះ​ឡើយ​ ។ ប្រជាជន​ខ្មែរ​ប្រា​កដ​ជា​មាន​ចម្ងល់​ថា​ចុះ​នៅ​ប្រ​ទេស​ដទៃ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ដូច​ប្រ​ទេស​យើង​ដែរ​ឫុ​ទេ​? Khmer Science News សូម​លើក​យក​តួ​លេខ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៃ​ប្រទេស​ចំនួន​១០​ដែល​ស្ថិត​នៅ​លំដាប់​លើគេ​មក​បង្ហាញ​ជូន​​។ ក្នុង​មួយ​ឆ្នាំ​ៗ​មាន​មនុស្ស​១.៣​លាននាក់​ក្នុង​ពិភពលោក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ប៉ុន្តែ​មាន​ប្រទេស​ចំនួន​១០​ ដែល​បង្ក​ឱ្យ​មាន​ពាក់​កណ្តាលនៃ​ចំនួន​អ្នក​ស្លាប់​នេះ​ គឺលើសពី​៦​សែន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ​​។

​                   ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះ​ថា្នក់​ចរាចរណ៍ជាមធ្យម​ក្នុង​មួយ​ឆ្នាំ (Washington Post)

១.​​ ប្រទេស​ចិនៈ​ ២២០,០០០នាក់
២.​ ប្រទេស​ឥណ្ឌាៈ​ ១៩០,០០០នាក់
៣.​ ប្រទេសរុស្សីៈ ៣៥,០០០នាក់
៤.​ ប្រទេស​ប្រេស៊ីលៈ ៣៥,០០០នាក់
៥. ប្រទេស​អេហ្ស៊ីបៈ​ ៣១,០០០នាក់
៦.​ ប្រទេសមិកស៊ិកៈ ២២,០០០នាក់
៧. ប្រទេសវៀតណាមៈ ១៤,០០០នាក់
៨. ប្រទេសកេនយ៉ាៈ ១២,០០០នាក់
៩. ប្រទេសទួរគីៈ ១០,០០០នាក់
១០. ប្រទេសកម្ពុជាៈ ១,៧០០​នាក់


ទោះបី​ជា​ប្រទេស​កម្ពុជា​​មាន​ចំនួន​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​តិច​ជាង​គេ​ក្នុង​ចំណោម​ប្រ​ទេស​ទាំង​១០​ក៏​ដោយ​ ក៏​ប៉ុន្តែ​បើ​យើង​ប្រៀប​ធៀប​ជា​មួយ​នឹង​ចំនួន​ប្រ​ជា​ជន​យើង​ឃើញ​ថា​ប្រទេស​យើង​មាន​ចំនួន​ប្រ​ជា​ជន​តិច​ជាង​គេ​ដូច​ច្នេះ​បើ​គិត​អ​ត្រា​ស្លា​ប់​ជា​ភាគ​រយ​ឫ​ជា​អត្រា​ស្លាប់​លើ​១០០,០០០​គឺ​ប្រ​ទេស​យើង​មាន​អត្រា​ស្លាប់​មិន​ទាប​ជាង​គេ​ប៉ុន្មាន​ទេ។ យោង​តាម​ប្រភព​ពត៌​មាន​Charts Bin អត្រា​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​តាម​ប្រ​ទេស​នៅ​ឆ្នាំ​២០០៧​​មាន​ដូច​ត​ទៅៈ

១. ប្រទេស​Eritrea: ៤៨.៤នាក់​លើ​១០០,០០០ (០.០៤៨%)
២. ប្រទេស​អេ​ហ្ស៊ីបៈ ៤១.៦នាក់​លើ​១០០,០០០ (០.០៤១%)
៣. ប្រទេស​Libyan Arab Jamahiraya: ៤០.៥នាក់លើ១០០,០០០ (០.០៤០%)
៤. ប្រទេស​អាហ្វហ្គានីស្ថានៈ ៣៩នាក់​លើ១០០,០០០ (០.០៣៩%)
៥. ប្រទេសអ៊ីរ៉ាក់ៈ ៣៨.១នាក់លើ១០០,០០០ (០.០៣៨%)
៦. ប្រទេសNiger: ៣៧.៧នាក់លើ​១០០,០០០ (០.០៣៧%)
៧. ប្រទេស​អង់ហ្គោឡាៈ ៣៧.៧នាក់លើ១០០,០០០ (០.០៣៧%)
៨. ប្រទេស United Arab Emirates: ៣៧.១នាក់លើ​១០០,០០០នាក់ (០.០៣៧%)
៩. ប្រទេស​អ៊ីរ៉ង់ៈ ៣៥.៨នាក់​លើ​១០០,០០០ (០.០៣៥%)
១០. ប្រទេសកម្ពុជាៈ ១២.១នាក់លើ១០០,០០០ (០.០១២%)



សូមបញ្ជាក់​ថា​ប្រ​ទេស​កម្ពុជា​មិន​ជា​ប់​ចំណាត់​ថ្នាក់​លើ​គេ​ក្នុង​ចំណោម​ប្រ​ទេស​ទាំង​១០​ដែល​មាន​​​អត្រា​ស្លាប់​ខ្ពស់​ជាង​គេ​នោះ​ទេ​ ប៉ុន្តែ​យើង​សូម​លើក​យក​តួ​លេខ​មក​បង្ហាញ​ដើម្បី​ឱ្យ​អ្នក​អាន​បាន​ប្រៀប​ធៀប​ជាមួយ​ប្រ​ទេស​ដ​ទៃ​ ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ប្រទេស​កម្ពុ​ជា​នៅ​តែ​ជាប់​ចំណាត់​ថ្នាក់​ក្នុង​ចំណោម​ប្រ​ទេស​ទាំង​១០​ដែល​មាន​ចំនួន​មនុស្ស​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ច្រើន​ជាង​គេ​ដែរ​ ។ ​ដូច្នេះមាន​តែ​ប្រ​ជាជន​ខ្មែរ​យើង​ទាំង​អស់​គ្នា​ទេ​​ដែល​​ត្រូវរួមគ្នា​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​បាន ដើម្បី​កុំ​ឱ្យ​ជាប់​ចំណាត់​ថ្នាក់​នៅក្នុង​ប្រ​ទេស​ទាំង​១០​ដែល​មាន​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ច្រើន​ជាង​គេ​នេះ​ត​ទៅ​ទៀត ។

អត្ថ​បទ: KSN Team, Ref: Washington Post, WHO and Charts Bin