តើប្រអប់ខ្មៅក្នុងយន្តហោះគឺជាអ្វី? What is Black Box?
ជាញឹកញាប់វត្ថុសំខាន់បំផុតដែលគេស្វែងរកនៅពេលយន្តហោះធ្លាក់គឺប្រអប់ខ្មៅ។ តើអ្នកយល់ដឹង អំពីប្រអប់ខ្មៅនេះកម្រិតណាដែ? គ្រប់យន្តហោះទាំងអស់ទោះបីជាយន្តហោះ ពាណិជ្ជកម្មឬយន្ត ហោះចម្បាំងគឺតែងតែបំពាក់ដោយប្រអប់ខ្មៅជានិច្ច។ប្រអប់ខ្មៅនេះត្រូវបានប្រើប្រាស់ដើម្បីថត សម្លេងទំនាក់ទំនងរវាងអ្នកបើកបរយន្តហោះនិងអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស(Cockpit Voice Recorder: CVR) និងកត់ត្រារាល់ទិន្នន័យនៃការហោះហើររបស់យន្តហោះ(Flight Data Recorder: FDR)។ ឧបករណ៍ទាំង២នេះគេហៅថាអ្រអប់ខ្មៅ(ការពិតវាមានពណ៌ទឹកក្រូចទេ) ។
ឧបករណ៍នេះមិនអាចជួយអ្វីបានដល់យន្តហោះដែលកំពុងតែហោះហើរបានឡើយ ប៉ុន្តែវត្ថុទាំង២នេះជាភស្តុតាងយ៉ាងសំខាន់បំផុតដែលជួយអ្នកស្រាវជ្រាវអោយរកឃើញពីមូលហេតុនៃយន្តហោះធ្លាក់។ ប្រអប់ខ្មៅត្រូវបានផលិតឡើងអោយមានភាពធន់នឹងកម្តៅខ្លាំង(១១១០អង្សាសេ) ភាពប៉ះទង្គិច និងភាពសើម។ ដូច្នេះហើយទោះជាយន្តហោះធ្លាក់ហើយឆេះខ្ទេចខ្ទីអស់ ឬធ្លាក់ក្នុងទឹកក៏ដោយក៏ប្រអប់ខ្មៅនេះមិនខូចខាតដែរ។
បច្ចុប្បន្ននេះប្រអប់ខ្មៅនៅតែជាមធ្យោបាយសំខាន់ក្នុងការស្វែងរកមូលហេតុនៃការធ្លាក់យន្តហោះ (ឧទាហរណ៍ដូចជាការធ្លាក់យន្តហោះនៅMexico នាថ្ងៃទី៤ វិច្ឆិកា ២០០៨ ដែលសម្លាប់មនុស្សអស់១៤នាក់រួមទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់Mexico ផង គឺអ្នកស្រាវជ្រាវអាចដឹងពីមូលហេតុនៃការធ្លាក់យន្តហោះដោយសារពួកគេរកឃើញប្រអប់ខ្មៅនេះ)។ នៅលើឧបករណ៍ទាំង២(CVR, FDR) ដែលរួមផ្សំជាប្រអប់ខ្មៅនោះមានបំពាក់ឧបករណ៍ (Underwater Locator Beacon: ULB)ដែលផ្តល់ដំណឹងអំពីទីកន្លែងយន្តហោះធ្លាក់ក្នុងករណីដែលវាធ្លាក់ក្នុងទឹក។ ULB នឹងមានដំណើរការភ្លាមនៅពេលដែលវាប៉ះទឹក ហើយអាចផ្តល់សារអំពីទីតាំងដល់អ្នកស្រាវជ្រាវពីជម្រៅទឹករហូតដល់ជាង៤គម។
ប្រែសម្រួល: KSN Team Ref: National Geographic Channel