ផ្លូវ​ទៅនរក​ (The Door to Hell)

Deweze គឺ​ជា​ភូមិ​ដ៏​តូច​មួយ​ស្ថិត​នៅ​ភាគ​​ខាង​ជើង​​​នៃ​ប្រ​ទេស Turkmenistan ​ដែល​មាន​ប្រជា​ជន​រស់​នៅ​ប្រ​ហែល​៣៥០​នាក់​ហើយ​ស្ថិត​នៅ​ចំ​កណ្តាល​វាល​រហោ​ស្ថាន​ Karakum ។ ភូមិ​នេះ​ស្ថិត​នៅ​ចម្ងាយ​២៦០គម​ ភាគ​ខាង​ជើង​នៃ​ទី​ក្រុង​​ Ashgabat ។ គេ​បាន​ឱ្យ​ឈ្មោះ​តំបន់​នេះ​ថា​ជា​ផ្លូវ​ទៅ​នរក​ (​The Door to Hell) ដោយ​សារ​ទី​នោះ​មាន​មាត់​រណ្តៅ​មួយ​​ដែល​មាន​អង្កត់​ផ្ចិត​ ២២៥​ហ្វីត (៦៨.៥​ម៉ែត្រ)​និងមាន​ភ្លើង​ឆេះ​ជា​ប្រ​ចាំ​ ។ នៅ​ពី​ក្រោម​រណ្តៅ​នេះ​គឺ​ជា​អាង​ស្តុក​ឧស្ម័ន​ធម្ម​ជាតិ​ដ៏​ធំ​មួយ រី​ឯ​ភ្លើង​ដែល​ឆេះ​នៅក្នុង​រណ្តៅ​នេះ​មាន​រយៈ​ពេល​​ជិត​ពាក់​កណ្តាល​សត​វត្ស​រ៍​មក​ហើយ​។ នៅ​ឆ្នាំ​២០០៤​ រដ្ឋា​ភិ​បាល​បាន​បណ្តេញ​ប្រ​ជា​ជន​ចេញ​ពី​តំបន់​នេះដោយ​សារ​តែ​លោក​ប្រ​ធានា​ធិប​តី​ Sapamurat Niyazov គិត​ថា​វា​មិន​មែន​ជា​កន្លែង​ដ៏​ល្អ​សម្រាប់​ភ្ញៀវ​ទេស​ចរ​ទេ​ ។

កាល​ពីដើ​មឡើយ​នៅ​ទី​នេះ​គ្មាន​ភ្លើង​ឆេះ​ជា​ប្រ​ចាំ​ដូច្នេះ​ទេ​ ក៏​ប៉ុន្តែ​នៅ​ឆ្នាំ​១៩៧១ អ្នក​វិទ្យា​សាស្ត្រ​ជន​ជាតិ​រុស្សី​បាន​ជី​កកាយ​រក​ឧ​ស្ម័ន​ធម្ម​ជាតិ​នៅ​ទី​នេះ​ ហើយ​ក៏​បាន​ជួប​ប្រទះ​នឹង​ឧ​ស្ម័ន​ធម្ម​ជាតិ​យ៉ាង​ច្រើន​ដែល​មាន​ជាតិ​ពុល​ ។ ដី​ដែល​នៅ​ពី​ក្រោម​ម៉ា​ស៊ីន​ខួង​បាន​បាក់​ស្រុត​ទៅ​ក្រោម​ ហើយ​បង្កើត​បាន​ជា​រណ្តៅ​ដែល​មាន​ទំ​ហំ​៦៨.៥ម៉ែត្រ​ដូច​សព្វ​ថ្ងៃ​នេះ ។​ ​ដើម្បី​ការ​ពារ​កុំ​ឱ្យ​ឧ​ស្ម័ន​ពុល​នេះ​សាយ​ភាយ​ដល់​ទី​ជិត​ខាង​អ្នក​វិ​ទ្យា​សាស្ត្រ​បាន​សម្រេច​ចិត្ត​ថា​ត្រូវ​ដុត​វា​ចោល ។ អ្នក​ជំនាញ​ខាង​ភូមិ​សាស្ត្រ​បាន​គិត​ថា​ភ្លើង​នឹង​បំផ្លាញ​ឧ​ស្ម័ន​ពុល​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ភ្លើង​នោះ​នៅ​តែ​ឆេះ​រហូត​ដល់​សព្វ​ថ្ងៃ (៤២​ឆ្នាំ) ។ អ្នក​ស្រុក​នៅ​តំបន់​នោះ​បាន​ឱ្យ​ឈ្មោះ​រណ្តៅ​នេះ​ថា​«ផ្លូវទៅ​នរក» ។

អត្ថបទ: KSN, Ref: Nster, Wikipedia