វេលាទាបភ្លឺ ថ្ងៃទី ១៩តុលា អ្នកស្រឡាញ់តារាសាស្ដ្រនឹងមានឱកាសទស្សនាមួយផ្នែកនៃបាតុភូត ជាយចន្ទ្រគ្រាស ពាក់កណ្ដាលងងឹត។ នេះក៏ជាបាតុភូតចន្ទ្រគ្រាសចុងក្រោយ ក្នុងឆ្នាំនេះ។
ជាយចន្ទ្រគ្រាសដែលនឹងកើតឡើងនៅវេលាទាបភ្លឺ ថ្ងៃទី ១៩ តុលាខាងមុខ មិនមែនជាចន្ទ្រគ្រាស ទាំងស្រុងនោះទេ ដោយសារមានតែមួយផ្នែកធំរបស់ព្រះចន្ទ្រ គោចរចូលក្នុងតំបន់ពាក់កណ្ដាលងងឹតរបស់ផែនដី។ បាតុភូតនេះ នឹងចាប់ផ្ដើមនៅវេលាម៉ោងប្រហែល ៤ និង៥៣នាទី និងបញ្ចប់នៅវេលាម៉ោង ៨ និង ៤៨នាទីព្រឹកថ្ងៃទី ១៩ តុលា។
ដោយសារតែ ព្រះចន្ទ្រនឹងលិចនៅវេលាម៉ោងប្រហែល ៥ និង ៣០នាទី ថ្ងៃទី ១៩ តុលា ដូច្នេះ ប្រជាជនកម្ពុជា អាចគយគន់បាតុភូតនេះ ចាប់ពីម៉ោង ៤ និង ៥៣នាទី ដល់ម៉ោង ៥ និង ៣០នាទី ដែលពេលនោះ ព្រះចន្ទ្រស្ថិតនៅឯនាយជើងមេឃខាងលិច។